សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស ចូលរួមអបអរសាទរចំពោះទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៥ ដែលបានជ័យលាភីក្នុងចលនា ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៥ ឆ្នាំ២០២៦-២០២៨។នេះបើយោងតាមសារលិខិត ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ដែលផ្សាយចេញនៅថ្ងៃទី២៧ ខែគុម្ភៈ ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសចូលរួមអបអរសាទរចំពោះទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៥ រួមមាន៖ ១-ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ) ២-ក្រុងបាត់ដំបង (ខេត្តបាត់ដំបង) ៣-ក្រុងសៀមរាប(ខេត្តសៀមរាប) ៤-ក្រុងកំពង់ចាម (ខេត្តកំពង់ចាម) និង៥-ក្រុងស្ទឹងសែន (ខេត្តកំពង់ធំ) ដែលទទួលបានជ័យលាភីក្នុងចលនា ប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៥ ឆ្នាំ២០២៦-២០២៨។
សម្តេចធិបតី បានបញ្ជាក់ដែរថា នេះសបញ្ជាក់ឱ្យឃើញពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ាន ក្នុងនាមជាអ្នកដឹកនាំរៀបចំ និងសម្របសម្រួលការអនុវត្តស្តង់ដា ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងគោលបំណងពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុង ឱ្យកាន់តែប្រសើរឡើងប្រកបដោយ ភាពសុខដុមរមនា។
ជាថ្មីម្តងទៀត សម្តេចធិបតី ជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្ត សហការចូលរួមគាំទ្រ ឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡង ប្រណាំងទីក្រុងស្អាត ប្រព្រឹត្តទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍៕ អត្ថបទ៖ ហ្សាលីន

