រដ្ឋមន្រ្តីក្រសួងការងារ៖ ពីមុនពលរដ្ឋរត់រកការងារ តែបច្ចុប្បន្នក្រសួងនាំយកការងារជូនពលរដ្ឋដល់មូលដ្ឋាន

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពីមុនបងប្អូន(ប្រជាពលរដ្ឋ) រត់រកការងារ តែបច្ចុប្បន្នក្រសួងការងារនាំឱកាសការងារផ្តល់ជូនដល់មូលដ្ឋាន។ លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងវេទិកានាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ហេង សួរ បានឱ្យដឹងថា វេទិកាការងារនេះ គឺជាយុទ្ធនាការរួមមួយដ៏មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុងការចុះឈ្មោះសម្ភាសផ្តល់និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិកា។ ជាក់ស្តែង  ក្រសួងបាននាំយកឱកាសការងារប្រមាណ៤ពាន់កន្លែងសម្រាប់អតីតពលករ និងយុវជនរកការងារ ដែលជាផ្នែកមួយនៃឱកាសការងារក្នុងស្រុកជាង៨ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ម្យ៉ាងទៀត វេទិកានេះក៏ជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងផ្សព្វផ្សាយពី «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥លាននាក់»។

លោកបានបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារសមរម្យ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនថែមទៀតផង ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ ដែលជាអាទិភាពមួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងនៅស្រុកកំណើត និងរួមចំណែកដោយផ្ទាល់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

ដើម្បីជាមូលដ្ឋានដល់បងប្អូនងាយស្រួលក្នុងការសម្រេចចិត្ត លោករដ្ឋមន្ត្រីក៏បានប្រៀបធៀបយ៉ាងស៊ីជម្រៅរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយគូសបញ្ជាក់ថា ការងារនៅថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិចមែន ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង រហូតដល់ទទួលរងអំពើហិង្សាផ្សេងៗ ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ផ្ទុយទៅវិញ ការងារក្នុងស្រុក គឺជាជម្រើសដ៏ល្អ ដែលក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែប្រសើរ ក៏ទទួលបាននូវសុភមង្គលគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពី ប.ស.ស. មានដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ។ អត្ថប្រយោជន៍ទាំងនេះ ពិតជាសម្រាលបន្ទុកគ្រួសារបានយ៉ាងច្រើន៕