ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរដ្ឋ ឯកជនរុស្ស៊ី រួមគ្នាជំរុញវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនរុស្ស៊ី ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងរុស្ស៊ីឱ្យកាន់តែប្រសើរឡើង។ការជំរុញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយតំណាងស្ថាប័នរដ្ឋ និងឯកជនរុស្ស៊ី កាលថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើឱ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ក្នុងអំឡុងពេលប្រជាជាតិទាំងពីរអបអរខួលលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៦។

ជាមួយគ្នានេះ ឆ្លៀតក្នុងឱកាសឮនៃការចូលរួមវេទិកាស្តីពីបច្ចេកវិទ្យានាពេលអនាគត លោកអនុរដ្ឋលេខាធិការ ក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៊ីជាច្រើនរូបរួមមាន៖ លោក Nikita Kondratyev អគ្គនាយកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីនិងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី, លោក Dmitry KUROCHKIN ទីប្រឹក្សាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី, លោក Daniyar AKKAZIEV នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ាន, លោកស្រី Ingrina Kim ប្រធានក្លឹបការទូតអន្តរជាតិ និងបណ្ដាប្រធានក្រុមហ៊ុនរុស្ស៊ីឈានមុខមួយចំនួន។

គួរឱ្យដឹងថា ជំនួបខាងលើនេះ ក៏បានធ្វើឡើងដើម្បីពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ហិរញ្ញវត្ថុ បច្ចេកវិទ្យាឆ្លាតវៃ និងកសិ-ឧស្សាហកម្ម ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា និងកៀរគរលំហូរវិនិយោគរុស្ស៊ីមកកម្ពុជា ផងដែរ៕