លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានឱ្យដឹងថា លោកស្រីក៏នឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅព្រំដែនកម្ពុជា នាពេលឆាប់ៗនេះ។ ការលើកឡើងនេះ បានធ្វើឡើនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រី Louise Mushikiwabo បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ លោកស្រីថា ការមកកាន់កម្ពុជាពេលនេះ គឺជាការចូលរួមចំណែកក្នុងការសហការជាមួយកម្ពុជានៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកស្រីបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ ហើយសម្រាប់បរិបទប្រទេសកម្ពុជា លោកស្រីក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកស្រីប្រាប់សម្តេចតេជោថា លោកស្រី អញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ លោកស្រីក៏នឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅព្រំដែនផងដែរ ។

សម្តេចតេជោ បានថ្លែងអរគុណចំពោះការចាប់អារម្មណ៍របស់លោកជំទាវ ដែលមានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ នូវជំហររបស់លោកជំទាវក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានផ្ញើសារតាមរយៈលោកស្រីដែរថា សូមឱ្យថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំខាងមុខនោះ សូមកុំមានការព្រួយបារម្ភ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃតែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ៕ អត្ថបទ៖ ហ្សាលីន

