ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំកៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា លើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង ខណៈមានក្រុមហ៊ុន៣ក៏មានបំណងវិនិយោគផងដែរ។

ការកៀងគរអ្នកវិនិយោគ ក្រុមហ៊ុន លើផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ របស់ក្រសួងកសិកម្ម បានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ម៉ាន សុគ្រី រដ្ឋលេខាធិការ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំង តំណាងក្រុមហ៊ុន ដែលមានបំណងវិនិយោគលើដីទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development (Cambodia) Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltdផងដែរ។

គោលបំណងនៃកិច្ចពិភាក្សាខាងលើនេះ គឺដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែមានតម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជាពលរដ្ឋ។
គួរឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងនឹងរៀបចំកៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា។ ក្នុងន័យនេះ ក្រសួងបានលើកទឹកចិត្តក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះផងដែរ៕

