លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា បើទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ា តែកម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ ប្រេងបម្រុងរបស់កម្ពុជាអាចឈរជើងបាន២១ថ្ងៃ។

លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា នៅកម្ពុជាឃើញមានការរំជើបរំជួលប៉ុន្មានថ្ងៃមកនេះពាក់ព័ន្ធនឹងប្រេង ដោយកន្លែងខ្លះមានការផ្អាកលក់ប្រេង ត្រង់នេះលោកបានបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងផ្គត់ផ្គង់នោះទេ សន្និធិបម្រុងរបស់កម្ពុជានៅតែ២១ថ្ងៃដូចគ្នា មានន័យថាប្រសិនបើយើងអត់មាននាំប្រេងចូលមកទេ គឺបិទប្រភពពីក្រៅ កម្ពុជាអាចឈរជើងបាន២១ថ្ងៃ។ ប៉ុន្តែកម្ពុជាបច្ចុប្បន្ននៅតែបន្តចូលប្រេងរាល់ថ្ងៃ មិនទាន់មានការបិទប្រភពណាមួយទេ។

លោកបានបន្តថា ប៉ុន្តែបញ្ហានៅត្រង់ថាប្រេងចាប់ផ្តើមហក់ឡើងថ្លៃ ដូច្នេះប្រេងដែលនាំចូលថ្មីៗគឺជាប្រេងដែលមានតម្លៃថ្លៃជាងមុន។ បរិមាណប្រេងផ្គត់ផ្គង់គឺមានសូមកុំជ្រួលច្របល់ តែតម្លៃគឺឡើងទាំងអស់គ្នា ហើយការឡើងថ្លៃនេះមិនមែនឡើងតាមបបូរមាត់អ្នកតាមហ្គារ៉ាសនោះទេ គឺក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំណត់តម្លៃក្នុងពេលឆាប់ៗតាមអត្រាប្រេងថ្មីដែលនាំចូលមក។
ជាមួយគ្នានេះ លោក កែវ រតនៈ ក៏បានអំពាវនាវសូមកុំជ្រួលច្របល់ទៅដណ្ដើមទិញយកមកទុកក្នុងផ្ទះតាមរយៈការដាក់ធុងជ័រ ព្រោះជាការចំណេញចូលដើម៕

