អ្នកឧកញ៉ា លី សុភ័ក្ត អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមយុទ្ធនាការបរិច្ចាគឈាម៖ “ផ្តល់ឈាម ផ្តល់ជីវិត” នៅខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមយុទ្ធនាការបរិច្ចាគឈាម៖ “ផ្តល់ឈាម ផ្តល់ជីវិត” នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការបរិច្ចាគឈាមជាសាធារណៈដ៏សំខាន់មួយក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ជីវិត” ត្រូវបានរៀបចំឡើងនៅសហគមន៍ចំការកៅស៊ូ ទេពី អាក្រូ វិនិយោគ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមការផ្តួចផ្តើមរបស់អ្នកឧកញ៉ា លី សុភ័ក្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងជំរុញសុខភាពសហគមន៍ យុទ្ធនាការនេះបានទាក់ទាញអ្នកចូលរួមជាង ៥០០ នាក់ រួមមានបុគ្គលិកក្រុមហ៊ុន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ហើយមានអ្នកបរិច្ចាគឈាមជិត ៤០០ នាក់ ដែលក្នុងនោះជាង ១០០ នាក់ជាចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគមកពីក្រុមហ៊ុនកសិកម្ម អិកស៍ អិល អិកស៍ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គ្រោងនឹងរៀបចំទទួលការបរិច្ចាគនាពេលខាងមុខ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ “ការផ្តល់ឈាមមិនត្រឹមតែជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចែករំលែកស្នាមញញឹមផងដែរ” ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះឱ្យបានច្រើន។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងមជ្ឈ មណ្ឌលជាតិផ្តល់ឈាម ចំពោះគំនិតផ្តួចផ្តើមគំរូនេះ ដោយសង្ឃឹមថានឹងជំរុញសកម្មភាពមនុស្សធម៌បន្ថែមទៀតពីក្រសួង ស្ថាប័ន និងសហគមន៍។ ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នេះជានិមិត្តរូបនៃសាមគ្គីភាព និងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ដែលជំរុញស្មារតីជួយគ្នាទៅវិញទៅមក។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្ពោធសមិទ្ធិផលអគារបឋមសិក្សារបស់​​ក្រុមហ៊ុន​ ទេពី​ អាក្រូ​​ វិនិយោគ ចំនួនពីរខ្នង​ ដែលមួយខ្នងមានឈ្មោះ សាលាបឋមសិក្សា លី​ ហួរ អូរមាន ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមួយខ្នងទៀតដែលមានឈ្មោះ  សាលាបឋមសិក្សា   ស៊ីង​ ស៊ីង ត្រពាំងប្រាសាទ ដែលស្ថិតនៅសាខាមួយទៀត​ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សាលាបឋមសិក្សាទាំងពីរខ្នង មានចំនួន ​១១ បន្ទប់​ និងមានសិស្សដែលជាកូនចៅបងប្អូនបុគ្គលិក-កម្មករចំនួន ១២៣នាក់ កំពុងទទួលបានការសិក្សារៀនសូត្រពីលោកគ្រូ-អ្នកគ្រូ ចាត់តាំងពីស្ថាប័នអប់រំរបស់រដ្ឋ និងបានអញ្ជើញចូលរួមទទួលទានអាហារជាមួយសិស្សានុសិស្ស និងសមាជិកសហគមន៍ផងដែរ។ អ្នកឧកញ៉ា លី សុភ័ក្ត បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះវត្តមាននិងការដឹកនាំរបស់ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ដែលបានពង្រឹងគោលបំណងនៃយុទ្ធនាការក្នុងការធានាការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ដោយមិនរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ។

គួបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម ប្រតិបត្តិការលើផ្ទៃដី ៧,៨៩៩ ហិកតា នៅស្រុកសណ្តាន់ និងត្រពាំងប្រាសាទ ដោយដាំដុះកៅស៊ូ (២,៦៣៦ ហិកតា) ស្វាយចន្ទី និងស្វាយកែវរមៀត (២,៨៧៧ ហិកតា) និងថែទាំកូនកៅស៊ូ (២,៣៨៦ ហិកតា)។ ក្រុមហ៊ុនផលិតកៅស៊ូ ៧,៩០០ តោន និងស្វាយចន្ទី ១,០០០ តោនក្នុងមួយឆ្នាំ ដោយផ្តល់ការងារដល់សមាជិកសហគមន៍ចំនួន ៦១៦ នាក់។ ក្រុមហ៊ុនក៏បានរួមចំណែកដល់វិស័យអប់រំដោយសាងសង់សាលារៀនពីរខ្នង មាន ១១ បន្ទប់សម្រាប់សិស្ស ១២៣ នាក់ សាងសង់ប៉ុស្តិ៍សុខភាពពីរខ្នង មាន ៤ បន្ទប់ និងផ្តល់ផ្ទះស្នាក់នៅ ១៣៦ ខ្នង មាន ២៧៥ បន្ទប់សម្រាប់កម្មករ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នៅក្នុងសុន្ទរកថា អ្នកឧកញ៉ា លី សុភ័ក្ត បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ និងគាំទ្រប្រព័ន្ធថែទាំសុខភាពជាតិ។ ជាមួយគ្នានេះដែរ លោកក៏បានគូសបញ្ជាក់អំពីចក្ខុវិស័យសម្រាប់ការរីកចម្រើនកសិកម្មប្រកបដោយនិរន្តរភាព ការលើកកម្ពស់សុខុមាលភាពបុគ្គលិក ការពង្រឹងការអប់រំ និងការអភិរក្សបរិស្ថានសម្រាប់ជំនាន់ក្រោយ។ ក្រុមហ៊ុនមានផែនការពង្រីកផ្ទៃដីដាំដុះ បង្កើនទិន្នផល និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដើម្បីកសាងសហគមន៍ប្រកបដោយភាព
រស់រវើក និងនិរន្តរភាព។

អ្នកឧកញ៉ា លី សុភ័ក្ត បានកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ មានដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ សហភាពសហព័ន្ធយុវជនកម្ពុជា ដៃគូធុរកិច្ច និងអ្នកស្ម័គ្រចិត្ត។ អ្នកឧកញ៉ា បានវាយតម្លៃថា គំនិតផ្តួចផ្តើមនេះបានកំណត់ជាគំរូសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ ដែលជាកត្តាលិករនៃការបន្តុះឆន្ទះ សាមគ្គីភាព និងឯកភាពជាតិ។

default