លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ លោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP) នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

នាឱកាសក្នុង MOUនោះ លោក ហេង សួរ បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូត ដែលបានជួយភ្ជាប់ UKSP មកកាន់កម្ពុជា ក៏ដូចជាការនាំយកកម្មវិធីអប់រំ ប្រកបដោយគុណភាពលំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា។ លោកថា តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ថា MoU ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” មានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម។ តាមរយៈ MoU ដែលមានរយៈពេលបីឆ្នាំនេះ ភាគីទាំងពីរមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដូចជាការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរចែករំលែកជំនាញ និងបទពិសោធ ក្នុងការបង្ហាញពីតម្លៃបន្ថែមនៃការវិនិយោគលើជំនាញ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងសហការលើការច្នៃប្រឌិត ដើម្បីបង្កើនគុណភាព TVET និងជំនាញជាដើម៕

