ក្រសួងពាណិជ្ជកម្ម បានកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីតភ្ជាប់បណ្តាញអាជីវកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) ជាមួយ លោក SHINICHIRO ISHIKAWA ប្រធានក្រុមហ៊ុនជប៉ុន Yamato Printing Group ដែលសម្របសម្រួលដោយក្រុមហ៊ុន Confirel Co., Ltd និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីតភ្ជាប់បណ្តាញអាជីវកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយបានពិភាក្សាលើការជំរុញផលិតផលសម្គាល់ភូមិសាស្ត្រ (GI) និងកសិ-ឧស្សាហកម្ម តាមរយៈការពង្រឹងខ្សែច្រវាក់តម្លៃ និងការបង្កើនតម្លៃបន្ថែមលើផលិតផលម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ សំដៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារជប៉ុន និងអន្តរជាតិ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏មានការពិភាក្សាអំពីគំរូជោគជ័យនៃកិច្ចសហការរវាងក្រុមហ៊ុនអន្តរជាតិជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Confirel ក្នុងការនាំយកផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់គុណភាពផលិតកម្ម និងស្តង់ដារផលិតផលខ្មែរឱ្យកាន់តែមានឧត្តមភាពប្រកួតប្រជែងខ្ពស់៕អត្ថបទ៖ ហ្សាលីន


