សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត។

យោងតាមសារដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក កាលយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ដោយសម្ដេចបានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយលើបញ្ហានេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរបន្តថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះ ឱ្យបានឆាប់បំផុត»។
សម្ដេចធិបតី ក៏បានថ្លែងថា៖«ខ្ញុំសង្ឃឹមថាភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង»៕ អត្ថបទ៖ ហ្សាលីន

