គណៈប្រតិភូវិនិយោគិនជប៉ុន បានមកស្វែងយល់ពីសក្តានុពលវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជា ពិសេសវិនិយោគសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត
កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa បានឱ្យដឹងថា ជំនួបនេះ តំណាងក្រុមហ៊ុនជប៉ុន មានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង (Electric wires & cable), វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ទន្ទឹមគ្នានេះ លោកក៏បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ លោកប្រធានគណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់ថាក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ទន្ទឹមនេះ លោកក៏បានជម្រាបជូនដែរថាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គលេខាធិការរង បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ លោក ក៏បានសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។
សូមរម្លឹកថា បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោង វិនិយោគមានចំនួន ៤៤០គម្រោង គឺកើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគ មានប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ពី CDC កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ ហ្សាលីន


