គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។នេះបើយោងតាមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ផ្លូវជាតិលេខ៧នេះ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ។

សូមជម្រាបថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC,គូសគំនូសចរាចរណ៍,បំពាក់ផ្លាកសញ្ញាចរាចរណ៍,ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី..។ ល។គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៨៩,៨៨%ហើយ។នេះបើយោងតាមរបាយការណ៍ដោយ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕អត្ថបទ៖ហ្សាលីន

