គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃ ប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីវិធានការបន្ទាន់នានា សំដៅដល់អភិរក្សសង្គ្រោះប្រាសាទព្រះវិហារ និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសបន្សល់ទុកដោយស្នាដៃយោធាថៃអំឡុងពេលឈ្លានពានកម្ពុជាទាំងពីរលើក។

កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធាន គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកជំទាវ LI Ji កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និង លោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌា ជាសហប្រធានឥណ្ឌា។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ ដែលរួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ១៥៨រូប ដើម្បីតាមដាន និងត្រួតពិនិត្យ ការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។
អង្គប្រជុំនេះ បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា ដូចជាការបោស សម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទ, រៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល, ការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។
សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិង ថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធាន ទាំងពីរបានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ៕




