ក្រសួងធនធានទឹក៖ រដូវវស្សានេះកម្ពុជាអាចមានភ្លៀងលាយឡំ ផ្គរ រន្ទះកើតមានច្រើន

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីបានធ្វើការតាមដានការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកលតំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ក្នុងរដូវវស្សាឆ្នាំ ២០២២ អាចនឹងមានភ្លៀង លាយឡំផ្គរ រន្ទះ កើតមានច្រើន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅដើមរដូវវស្សាឆ្នាំនេះនឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀង លាយឡំផ្គរ រន្ទះ និងខ្យល់តូចរយៈពេលខ្លី កើតមានច្រើន ។

ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយ ឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច បន្តកើតមានច្រើន ក្នុង នោះនឹងអាចបណ្តាលឲ្យបណ្តារាជធានី ខេត្តមួយចំនួន ដែលមានភូមិសាស្ត្រជាប់ ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ។

ដោយឡែក រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹក ភ្លៀងពីមធ្យមទៅបង្គួរ ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មធ្យមផងដែរ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបង្ហាញដែរថា នៅក្នុងរដូវវស្សាឆ្នាំនេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណទឹកភ្លៀងអាចមានសភាពថមថយខ្លះ អំឡុងចុងខែកក្កដា ឬដើមខែសីហា តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ រីឯចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦ទៅ២៨ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ៕