ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» បានបញ្ជប់ទៅដោយរលូន និងភាពជោគជ័យខ្ពស់ប្រកបទៅដោយលទ្ធផលផ្លែផ្កា ដែលបានបង្កើតទំនាក់ទំនង និងបណ្តាញអាជីវកម្មរវាងវិនិយោគិនកម្ពុជា និងចិន ព្រមទាំងបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារលំដាប់ផ្កាយ៥ អាជ៌ុណា (Arjuna Hotel) ស្ថិតនៅខេត្តព្រះសីហនុ ដោយមានការធ្វើទស្សនកិច្ចនៅក្នុងទីតាំងសំខាន់ៗមួយចំនួនផងដែរ។

លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅនៃស្ថាប័នសារព័ត៌មាន TNAOT បានលើកឡើងថា ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ត្រូវបានអញ្ជើញសហគ្រិនជាច្រើនដែលបានបង្កើតខ្លួនឯងដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមាន ហិរញ្ញវត្ថុ ឧស្សាហកម្ម ច្បាប់ និងសួនឧស្សាហកម្ម ចូលរួមក្នុងការសន្ទនាលើ ឱកាស និងបញ្ហាប្រឈមនៃករណីអនុវត្តឧស្សាហកម្មដែលទទួលបានជោគជ័យ ដោយចែករំលែកបទពិសោធន៍ជាក់ស្តែង រៀបរាប់អំពីឧទាហរណ៍ជាក់ស្តែង និងពិភាក្សាអំពីបញ្ហា និងដំណោះស្រាយដែលអាចកើតមានក្នុងអំឡុងពេលដំណើរការអនុវត្ត។


លោកស្រី ហាន លី បានគូសបញ្ជាក់ថា ការយល់ដឹង និងបទពិសោធន៍ របស់សហគ្រិនបានមកពីការអនុវត្តដោយផ្ទាល់ ហើយអាចចែករំលែកសម្រាប់ក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍«ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» កំពុងពិចារណាចូលទីផ្សារកម្ពុជា។
ឯកឧត្តម ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» មិនត្រឹមតែជាវេទិកាសំខាន់សម្រាប់បង្កើតទំនាក់ទំនង និងបណ្តាញអាជីវកម្មរវាងវិនិយោគិនកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រទេសទាំងពីរ។
ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា វេទិការនេះអាចទាញយក ទស្សនទាន និងធាតុចូលដើម្បីជាមូលដ្ឋានអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទាក់ទាញ អ្នកវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រកបដោយភាពធន និង បរិយាប័ន្ន។



លោក ZHOU JIANJUN ម្ចាស់ស្ថាគារ Ting Bo ក្រុងព្រះសីហនុ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» បានលើកឡើងថា វេទិកានេះទទួលបានជោគជ័យយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្នុងនាមជាវិនិយោគិនចិន លោកពិតជាមានអារម្មណ៍ថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនយ៉ាងខ្លាំង និងមានឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រវិនិយោគិនចិននៅកម្ពុជា។

លោកបានបន្ថែមថា បន្ទាប់ពីខែមិថុនាខាងមុខនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងអនុវត្តការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការ រវាងវិនិយោគិនចិន និងអ្នកទេសចរចិនមកកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងសហគ្រាសចិន និងអ្នកទេសចរនៅកម្ពុជា។


លោក ZHOU JIANJUN បានលើកឡើងយ៉ាងដូច្នេះថា៖“យើងជឿជាក់ថាក្រុងព្រះសីហនុគឺជាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ ដែលមានទស្សនវិស័យទេសចរណ៍ដ៏ល្អឥតខ្ចោះនាពេលអនាគត។ ហើយ ខ្ញុំក៏ជឿជាក់ផងដែរថា នៅពេលដែលក្រុងព្រះសីហនុក្លាយជាទីក្រុងដ៏ស្រស់ស្អាត និងមានសុវត្ថិភាព អ្នកទេសចរចិននឹងមានឆន្ទៈមកទស្សនា និងវិនិយោគនៅទីនេះ ហើយយើងអាចធ្វើឲ្យទីក្រុងនេះកាន់តែប្រសើរឡើង”។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានរៀបចំនៅដំណើរទស្សនកិច្ចដល់វិនិយោគិន ទស្សនារោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន General Tire Technology (Cambodia) ដែលជាគម្រោងផលិតកម្មទ្រង់ទ្រាយធំមួយដែលត្រូវបានបង្កើតឡើងនៅក្រុងព្រះសីហនុក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ប្រតិបត្តិការជាក់ស្តែង ក្រុមហ៊ុនបានផ្តល់នូវការយល់ដឹងដោយផ្ទាល់អំពីវឌ្ឍនភាពជាក់ស្តែងនៃគម្រោងផលិតកម្មនៅក្រុងព្រះសីហនុ។
ទីតាំងទីពីរគឺរោងចក្រស្រាបៀរអង្គរដែលជាម៉ាកល្បីមួយរបស់កម្ពុជា មានប្រវត្តិជាងកន្លះសតវត្សរ៍មកហើយ។ បទពិសោធន៍ប្រតិបត្តិការក្នុងស្រុក ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងយុទ្ធសាស្ត្រទីផ្សាររបស់ម៉ាកយីហោនេះ គឺជាករណីសិក្សាដ៏មានតម្លៃនៅក្នុងវិស័យផលិតកម្ម និងប្រើប្រាស់។
ទីតាំងទីបីគឺតំបន់សេដ្ឋកិច្ច ISI ដោយអ្នកគ្រប់គ្រងបានណែនាំអំពីគោលគំនិតផែនការរបស់តំបន់សេដ្ឋកិច្ចនេះ វឌ្ឍនភាពទាក់ទាញការវិនិយោគ និងការគាំទ្រជាក់លាក់ដែលមានសម្រាប់អាជីវកម្មបន្ទាប់ពីបង្កើតប្រតិបត្តិការនៅកម្ពុជា។


