ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនអតិថិជនទាំងអស់របស់គម្រោង ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅភូមិស្លុកស្លាត និងភូមិត្រពាំង ពោធ៍ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine) ដែលស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យជ្រាបថាក្រសួងនឹងបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធ អតិថិជនដែលបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និងផ្ទះគ្រប់ចំនួន ១០០%។

ការបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្នីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១.កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។
២.វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ការបង់ប្រាក់ (ច្បាប់ដើម)។
៣.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។
ទន្ទឹមគ្នានេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕


























































