ព្រឹត្តិការណ៍ «Walk for a Smile» បានចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងសេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល បានរួមគ្នាសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» ដែលបានបង្ហាញអំពីទឹកចិត្តសប្បុរសធម៌ ខ្មែរជួយខ្មែរ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសប្រតិបត្តិការល្អ ជាពិសេសជាតម្លៃបន្ថែមខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និង សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ «Walk for a Smile» ជាព្រឹត្តិការណ៍ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ឮលើកទី១ សម្រាប់ក្រសួងទេសចរណ៍ និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំឡើងនៅលើទឹកដីដ៏ពិសិដ្ឋ និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមីនា ស្របជាមួយថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីអង្គរ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាល់សកម្មភាពដែលផ្សារភ្ជាប់ ទេសចរណ៍ សុខភាព និងមនុស្សធម៌ ដែលព្រឹត្តិការណ៍ Walk for a Smile បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជា “ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ” តាមរយៈបេះដូងសប្បុរសធម៌របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធនាមថា «ស្នាមញញឹមកម្ពុជា»។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់បន្ថែមថា សកម្មភាពនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា យើងគឺជាប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក។

គួរបញ្ជាក់ថា តាមកម្មវិធីដែលបានគ្រោងទុក «Walk for a Smile» គណៈប្រតិភូបានចូលរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍ សមរាត្រីអង្គរ (Angkor Equinox) ដែលជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តចំនួន២ដងជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា, និងរដូវវស្សា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលរួមទស្សនានិងផ្តិតយករូបភាពនៃបាតុភូតពិសេសនេះ នៅប្រាសាទអង្គរវត្ត ជារៀងរាល់ឆ្នាំ៕