ត្រូវប៉ាន់ហើយ! រាជរដ្ឋាភិបាលបញ្ចុះពន្ធនាំចូលរថយន្តអគ្គិសនីពី៣៥% ធ្លាក់មក០%

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានសម្រេចបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា, រថយន្តអគ្គិសនី និងទំនិញមួយចំនួនទៀត។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៩ ខែមីនានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួន ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លើការបញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ រួមទាំង បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

សូមជម្រាបជូនថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ 

របាយការណ៍ បានឱ្យដឹងទៀតថា ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង(រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់។

គួរជម្រាបផងដែរថា ក្រៅពីការសម្រេចបញ្ចុះអត្រាពន្ធខាងលើនេះ រាជរដ្ឋាភិបាលក៏សម្រេចបញ្ចុះពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ , បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ , បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធផងដែរ៕