កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាកំពុងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា។ នេះជាកាតាលីករ ដែលជំរុញឱ្យយុវជនចាប់យកជំនាញវិជ្ជាជីវៈផ្នែកនេះ និងជំរុញនូវការវិនិយោគបន្ថែមទៀត។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

អំណះអំណាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ដែលធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ដែលបានទាក់ទាញអ្នកទស្សនាប្រមាណ៣ម៉ឺននាក់ មកពីក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ គ្រឹះស្ថានហិរញ្ញវត្ថុ សិស្សនិស្សិត ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងថា «កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាកំពុងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា។យើងឃើញហើយ គឺមានបច្ចេកវិទ្យាមួយចំនួនបង្កើតឡើងដោយកូនខ្មែរ។ ជានវានុវត្តន៍កម្មដែលបង្កើតដោយកូនខ្មែរយកទៅលក់ទៅឱ្យប្រទេសគេផ្សេងទៀត។ នេះចំណុចខ្លាំងរបស់កម្ពុជាយើង។ យើងសង្ឃឹមថា យុវជនយើងជំនាន់ក្រោយនឹងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា វិស្វកម្មនេះ ជាមូលដ្ឋាន ក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗ ដើម្បីទាក់ទាញវិនិយោគិនមកកាន់កម្ពុជាបន្ថែមទៀត»។ ឯកឧត្តម បន្តថា ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនខ្លាំង គឺទាមទារនូវធនធានមនុស្សទៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយសារផ្នែកទាំងនេះមានការរីកចម្រើនឥតឈប់ឈរទៅមុខជានិច្ច។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ពិសេសជំរុញការចូលរួមពីវិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ៕




