ចាប់ពីខែមករា-ដល់ដំណាច់ខែមីនា ឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិ ២៧០ ៩១១ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយគិតជាទឹកប្រាក់ដែលបានពីការលក់សំបុត្រមានចំនួន ១៣,១ លានដុល្លារ ថយចុះ ៣០%។នេះសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ប្រភពដដែលបានឱ្យថា ក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីខែមករា-ដល់ដំណាច់ខែមីនា ឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិ ២៧០ ៩១១ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយបានធ្លាក់ចុះ៣២,០២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥។ ចំណែកទឹកប្រាក់ដែលបានពីការលក់សំបុត្រមានចំនួន ១៣,១ លានដុល្លារ ថយចុះ ៣០%។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកបានចំណូលបន្ថែមចំនួន ៤៤៨ ២៣៦ ដុល្លារផងដែរ ពីការលក់សំបុត្រឱ្យភ្ញៀវអន្តរជាតិចូលទស្សនាតំបន់ប្រាសាទកោះកែរ បឹងមាលា ភ្នំក្បាលស្ពាន និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស(ខេត្តសៀមរាប)។

សូមជម្រាបថា គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
ចំពោះ សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ៧២ដុល្លារ៕អត្ថបទ៖ហ្សាលីន



