លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១ មេសា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ឆ្លើយតបនឹងសំណូមពរនានា និងដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦។

លោក ហួត ហាក់ បានលើកឡើងថា ស្មារតីរួបរួមគ្នារវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន នឹងបន្តរួមគ្នាដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនទៀត ដើម្បីរក្សាឱ្យបានលំហូរទេសចរអន្តរជាតិចូលមកកម្ពុជា ក៏ដូចជាជំរុញចលនាទេសចរផ្ទៃក្នុង ពោលគឺក្រសួងទេសចរណ៍នឹងបន្តពង្រឹងយន្តការឆ្លើយតបរហ័សសម្រាប់ដោះស្រាយបញ្ហាប្រឈមមួយចំនួនឱ្យមានប្រសិទ្ធភាព និងទាន់សភាពការណ៍។
លោក ហួត ហាក់ បានបន្ថែមថា ជំនួបនេះគឺពិតជាមានសារៈសំខាន់ និងទាន់សភាពការណ៍ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័សទៅកាន់ស្ថានភាពដ៏លំបាក ការកើនទ្បើងនៃថ្លៃដើមផលិតកម្មគ្រប់ប្រភេទ ដែលបានបណ្តាល មកពីវិបត្តិថាមពលជាសកល បានរុញច្រានឱ្យមានវិបត្តិអតិផរណានៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ ដែលវិស័យទេសចរណ៍ក៏ទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម។

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ លោករដ្ឋមន្រ្តីបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីធានាការផ្តត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ ទប់តម្លៃមិនឱ្យហក់ទ្បើងខ្ពស់តាមរយៈគោលនយោបាយអនុគ្រោះពន្ធគយ ការធ្វើឧបត្ថម្ភធនទៅលើផ្នែកអគ្គិសនី ការអនុវត្តគោលនយោបាយពន្ធអាករដែលមានភាពបទបែនខ្ពស់ ជាដើម។
ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាលលើវិស័យទេសចរណ៍ លោក ហួត ហាក់ ក៏បានស្នើផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យ មានអត់ធ្មត់ និងចូលរួមជាមួយក្រសួងទេសចរណ៍ក្នុង ស្មារតីខ្មែរតែមួយ និងមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីរក្សាឱ្យបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា និងរួមគ្នាឆ្លងគ្រាវិបត្តិដ៏លំបាកនេះ។
គួរបញ្ជាក់ដែរថា កិច្ចពិភាក្សាខាងលើមានការចូលរួមពី ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រុមការងារផ្នែកឯកជន តំណាងសមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបចំនួនប្រមាណ ១៥០នាក់ ថែមទៀត៕


