ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគលើការកែច្នៃកសិ-ចំណីអាហារ និងខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងការលើកកម្ពស់ភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា។

ស្ថានទូតអូស្រ្តាលី បានបញ្ជាក់បន្តថា កាលពីពេលថ្មីៗនេះ ស្ថានទូតអូស្ត្រាលីបានរៀបចំកិច្ចពិភាក្សាស្តីពីការវិនិយោគមួយ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល តំណាងវិស័យឧស្សាហកម្ម និងវិស័យឯកជន ដើម្បីស្វែងរកកិច្ចសហការលើខ្សែសង្វាក់តម្លៃកសិ-ចំណីអាហារ។ យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានស្តាប់ការចែករំលែកពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចែករំលែកនូវទស្សនៈស៊ីជម្រៅអំពីបរិយាកាសវិនិយោគ ទស្សនវិស័យសេដ្ឋកិច្ច និងឱកាសនៃវឌ្ឍនភាពនៅកម្ពុជា។
ស្ថានទូតបានសង្កត់ធ្ងន់ថា អូស្ត្រាលីកំពុងគាំទ្រភាពជាដៃគូពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរឹងមាំជាមួយវិស័យកសិ-ចំណីអាហាររបស់កម្ពុជា ដែលរួមចំណែកដល់ការរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា។
សូមរម្លឹកដែរថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អូស្ត្រាលី ក្នុងឆ្នាំ២០២៥ បានឈានដល់ ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ប្រមាណ ៨៥០លានដុល្លារ គឺជាការនាំចេញរបស់កម្ពុជាទៅកាន់អូស្ត្រាលី៕ អត្ថបទ៖ហ្សាលីន


