ចំណូល៧០% ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការផាកពិន័យ បានយកទៅប្រើប្រាស់ ជួសជុល ថែទាំឧបករណ៍/សម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន

សង្គម​ និង​សេដ្ឋកិច្ច

មួយរយៈពេលកន្លងមកនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានពិនិត្យ ឃើញថា មានការលើកឡើងមួយចំនួនតាមរយៈបណ្តាញទំនាក់ទំនងសង្គម អំពីកិច្ចប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។ ក្នុងន័យនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាថ្ងៃទី៧ ខែមេសានេះ បានចេញសេចក្តីបំភ្លឺឆ្លើយតបនឹងមតិខាងលើថា៖ កិច្ចប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក គឺមានភាពអនុលោម តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បាននិងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងតាមការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ស្របតាមផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សេចក្តីបំភ្លឺខាងលើបានបន្តថា ចំពោះចំណូលចំនួន ៧០% ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមស្មារតីនៃប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺត្រូវបានប្រើប្រាស់ដើម្បីធានានិរន្តរភាពការងារជំនាញ ដូចជាការជួសជុល ថែទាំឧបករណ៍/សម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន។

ចំពោះមន្ត្រីអសកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ កន្លងមក បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្រោមរូបភាពព្រមាន បន្ថយឋានន្តរស័ក្តិ តួនាទី ឬបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ក្នុងករណីធ្ងន់ធ្ងរ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានណែនាំ និងក្រើនរំលឹកជាប្រចាំដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងប្រទេស អំពីវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមបដិសេធនូវមតិរិះគន់ ទាំងឡាយណាដែលមិនមានមូលដ្ឋានច្បាស់លាស់ មកលើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលបាននិង កំពុងបំពេញភារកិច្ចដោយមិនគិតពេលវេលាយប់ ឬថ្ងៃ ក្នុងគោលបំណងរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ៕