ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្ដីបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសស្ដីពីការតភ្ជាប់ និងអភិរក្សធនធានទឹក និងដីនៅតាមបណ្ដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី១ និងទី២។

កិច្ចពិភាក្សាខាងលើ បានធ្វើឡើង កាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រោមអធិបតីភាព លោក ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រុមហ៊ុនហ្វូណនតេជោ អ៊ីនឡេន វ័រធើវេយ អេន ឡូជីស្ទីក ឯ.ក (SPC 1) និង (SPC 2) តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC ) និងក្រុមហ៊ុនសិក្សាគម្រោង ZHEJIANG ។

កិច្ចប្រជុំក៏បានឯកភាពបង្កើតក្រុមការងារបច្ចេកទេសរួមរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសម្របសម្រួលការងារបន្ដជាមួយក្រុមហ៊ុន SPC1 និង SPC2 ក្នុងគោលបំណងជំរុញការអនុវត្ដគម្រោងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជំរុញប្រសិទ្ធភាព នៃការប្រើប្រាស់ធនធានទឹកពីព្រែកជីកហ្វូណនតេជោ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានដែលរស់តាមបណ្ដោយព្រែកជីកនេះឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។
សូមជម្រាបដែរថា ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ គ្រោងនឹងបើក ការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ ស្រុក-ក្រុងចំនួន៦ រួមមាន៖ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់៕ អត្ថបទ៖ហ្សាលីន

