លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានលើកឡើងថា កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស និងផ្សាយដោយស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើថា៖«សូមអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស ។ រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ»។
លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ លោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង៕ អត្ថបទ៖ហ្សាលីន


