កម្ពុជា នឹងរងសម្ពាធពីព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ បង្ករឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅតំបន់ចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្ពុជានឹងរងសម្ពាធពីព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ ដែលអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ នៅតំបន់ចំនួន២។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពព្យុះទី៤ ឈ្មោះ ស៊ីនឡាតូ នៅថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងធនធានទឹក បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិចបានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើរ របស់ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ នេះ ពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ៖

១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ក្រសួង សូមឱ្យបងប្អូនប្រុងប្រយ័ត្ន ពេលដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ជាមួយគ្នានេះដែរ នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាង មុខនេះ សូមបងប្អូនមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើ ការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕អត្ថបទ៖ហ្សាលីន