កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមមហាសន្និបាត «The 38th Session of the FAO Regional Conference for Asia and the Pacific (APRC)»។ ព្រឹត្តិការណ៍កម្រិតតំបន់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលប្រមាណ ២៥០នាក់ មកពីបណ្តាប្រទេសសមាជិកក្នុងតំបន់។

ថ្លែងបទអន្តរាគមន៍ក្នុងអង្គមហាសន្និបាត លោកស្រី យ៉ើ អាស៊ីគីន បានផ្តោតលើទិដ្ឋភាពយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ-អង្ករ និងលើកកម្ពស់ជីវភាពកសិករខ្នាតតូច។ ការបង្កើនតម្លៃបន្ថែមក្នុងស្រុក៖ ជំរុញការអភិវឌ្ឍចង្កោមកសិឧស្សាហកម្មលើមុខសញ្ញាអាទិភាព (ស្រូវ ស្វាយចន្ទី និងស្វាយ) ។ សន្តិសុខស្បៀង និងការបន្ស៊ាំនឹងអាកាសធាតុ៖ កាត់បន្ថយការនាំចូលបន្លែតាមរយៈការអនុវត្តផលិតកម្មកសិកម្មឆ្លាតវៃ ។ ការគ្រប់គ្រងធនធានចម្រុះ៖ ការផ្សារភ្ជាប់គ្រប់ជ្រុងជ្រោយរវាងដី ទឹក និងការនេសាទ ដើម្បីធានានិរន្តរភាពវារីវប្បកម្ម។ នវានុវត្តន៍ឌីជីថល និងហិរញ្ញប្បទាន៖ លើកកម្ពស់កិច្ចសហការរដ្ឋ-ឯកជន (PPP) និងការប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងប្រព័ន្ធកសិកម្ម។

ទន្ទឹមនឹងនោះ លោកស្រីក៏បានគូសបញ្ជាក់នូវចំណុចគន្លឹះ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយរួមមាន៖
១. ទោះបីអត្រាកង្វះអាហារូបត្ថម្ភមានការថយចុះ ប៉ុន្តែការហក់ឡើងនៃថ្លៃដើមរបបអាហារសុខភាព (៤,៧៧ ដុល្លារ PPP) ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
២. ការវាស់វែងស្តង់ដាសកល (FIES)៖ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបញ្ចូលប្រព័ន្ធវាស់វែងកម្រិតអសន្តិសុខស្បៀង (FIES) ទៅក្នុងអង្កេតជាតិ ដើម្បីកំណត់គោលដៅជួយដល់ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។
៣. បញ្ហាតំបន់មេគង្គក្រោម៖ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការតំបន់កាន់តែស៊ីជម្រៅលើការគ្រប់គ្រងទឹក និងប្រព័ន្ធធារាសាស្ត្រឆ្លាតវៃជាដើម៕


