ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសំណូមពរដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ នៅទូទាំងប្រទេស នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានតុលាការកំពូល, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល,លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការនៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសប្រមាណជិត ៣០០០ រូប តាមប្រព័ន្ធ Zoom។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ និងខ្លឹមសារ នៅក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៅតាមតុលាការទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕





