លោក Tang Weibing ប្រធានក្រុមហ៊ុន Shanghai Alpha Biotechnology Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមទៅលើឱកាសវិនិយោគ និងសក្តានុពលសេដ្ឋកិច្ចទីផ្សារកម្ពុជា ដើម្បីសំដៅពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នេះបើតាមរយៈជំនួបរវាង លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Tang Weibing ប្រធានក្រុមហ៊ុន Shanghai Alpha Biotechnology Co., Ltd កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
លោកស្រី ជ្រឹង បុទុមរង្សី បានឱ្យដឹងថា ក្នុងជំនួបនោះ កិច្ចពិភាក្សាបានផ្តល់ជាធាតុចូលយ៉ាងសំខាន់ក្នុងការស្វែងយល់ពីវិស័យឯកជនរបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការចូលរួមអនុវត្ត និងគាំទ្រពីវិស័យឯកជនក្នុងកិច្ចការងារការទូតសេដ្ឋកិច្ច ដើម្បីសំដៅធានាបាននិរន្តរភាព និងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Tang Weibing ក៏បានអបអរសារទរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការទូតសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ លោកក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សាបន្ថែមទៅលើឱកាសវិនិយោគ និងសក្តានុពលសេដ្ឋកិច្ចទីផ្សារកម្ពុជា ដើម្បីសំដៅពង្រីកការវិនិយោគរបស់ក្រុមហ៊ុនShanghai Alpha Biotechnology Co., Ltd នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។
គួរឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។ ក្នុងនោះ ប្រទេសដែលបោះទុនវិនិយោគច្រើនគឺប្រទេសចិន ដែលមានហូតដល់ ៤៦,៧៧% ខណៈកម្ពុជាមាន ៣៨,០៦%៕

