លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ ដោយ ពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោ ដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោកមន្រ្តីការបរទេសចិន វ៉ាង យី បានលើកឡើងបែបនេះ នៅក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នាថ្ងៃទី២៣ ខែមេសា។

ក្នុងជំនួបនោះ សម្តេចតេជោ បានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។ សម្ដេចបានសង្កត់ធ្ងន់ថាទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ។

ជាឆ្លើយតប លោក វ៉ាង យី បានបង្ហាញក្តីពិតជារីករាយដែលបានជួបសម្ដេចតេជោជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ចិន។ លោកបានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ លោកក៏បានសង្កត់នូវពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោក វ៉ាង យី ក៏បានលើកឡើងដែរថា មិត្តភាពដែកថែបនេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។ ក្នុងន័នេះ លោកក៏បានប្រកាសថា រដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍ជោគវាសនារួមដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏ស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ៕


