លោក Steven Pang ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណើរធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដំណើរទស្សនកិច្ចទៅកានកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងត្រូវបានទទួលស្វាគមន៍ដោយលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស។
នាឱកាសនោះ លោក Steven Pang ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងគោលបំណងមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺដើម្បីស្វែងយល់ពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។

សូមជម្រាបដែរថា ពាក់ព័ន្ធការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ សាងសង់សម្រេចបានប្រមាណជិត ៦៥%។នៅពេលដាក់ឱ្យដំណើរការ ចំណតផែកុងតឺន័រទឹកជ្រៅមួយនេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣% ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ៕ អត្ថបទ៖ហ្សាលីន


