រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងបានជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស។ លោកថ្លែងបែបនេះ នៅក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI) កាលព្រឹកទី២៨ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ពីគំរូដ៏ល្អនៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក្នុងបរិបទនៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។
លោកថា ដោយផ្អែកលើមូលដ្ឋានទាំងនេះ ក្រសួងការងារ កំពុងជំរុញទិសដៅយុទ្ធសាស្ត្រតាមរយៈការបន្តកែទម្រង់ និងអភិវឌ្ឍយុទ្ធសាស្ត្រធ្វើទំនើបកម្ម TVET ថ្នាក់ជាតិ។ តាមរយៈការបង្កើតប្រព័ន្ធ TVET មួយដែលរួមបញ្ចូលគ្នា និងផ្អែកលើទិន្នន័យ កម្ពុជាកំពុងធានាថា ប្រព័ន្ធគ្រប់គ្រង និងការធានាគុណភាព នឹងដើរតួនាទីជាអ្នកការពារដ៏រឹងមាំ ក្នុងដំណើរផ្លាស់ប្តូរទៅកាន់សម័យកាលឌីជីថល និងសេដ្ឋកិច្ចបៃតង។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដែលជាការកែទម្រង់សំខាន់មួយ។

ក្នុងនោះ លោកបានសង្កត់ធ្ងន់ដែរថា ការចល័តកម្លាំងពលកម្មដោយសេរីក្នុងតំបន់ គឺជានិយាមដ៏សំខាន់សម្រាប់ដំណើរការពិតប្រាកដនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែទាមទារឱ្យមានការសម្របសម្រួលលើផ្នែកជំនាញ វិញ្ញាបនបត្រ និងស្តង់ដារវាងប្រទេសសមាជិកឱ្យបានស៊ីចង្វាក់គ្នា។ ជាមួយគ្នានេះ ក្របខណ្ឌគុណវុឌ្ឍិអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា កម្មករមកពីបណ្តាប្រទេសផ្សេងៗគ្នា មានសមត្ថភាព ផលិតភាព និងសិទ្ធិស្មើគ្នា ដើម្បីបង្ការរាល់ទម្រង់នៃការរើសអើង។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងរឹងមាំ និងសកម្មបំផុតរវាងរដ្ឋាភិបាល ស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន។
ជាថ្មីម្តងទៀត លោក ហេង សួរ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តប្រកបដោយស្មាតីសហការ និងជោគវាសនារួមនាពេលនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២ ដែលមានផលជះជាវិជ្ជមានដ៏យូរអង្វែង ដោយសង្កត់ធ្ងន់ថា «យើងកំពុងកសាងបេតិកភណ្ឌនៃជំនាញ បេតិកភណ្ឌនៃឱកាស និងបេតិកភណ្ឌនៃសាមគ្គីភាព ដែលបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន និងសហគមន៍ពិភពលោក»។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងរយៈពេល២ថ្ងៃ (២៨-២៩ ខែមេសា)នេះ មានអ្នកចូលរួមតំណាងមកពី លេខាធិការដ្ឋានអាស៊ាន, ATC, SOM-ED, SDC, មន្រ្តីអាជ្ញាធរ TVET នៅកម្ពុជា និងឡាវ, តំណាងនិយោជក និងឧស្សាហកម្ម រួមមាន CAMFEBA, សភាពាណិជ្ជកម្មអន្តរជាតិ (IBC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) ជាដើម៕ អត្ថបទ៖ហ្សាលីន

