កម្ពុជា និងប្រទេស៤ទៀតក្នុងតំបន់អាស៊ាន កំពុងជំរុញកសិករឱ្យធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស៤ទៀតនៅអាស៊ាន ដែលកំពុងជំរុញកសិករឱ្យងាកមកធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលជាប្រព័ន្ធកសិកម្មបែបថ្មីនេះ នឹងជួយឱ្យដីកាន់តែមានគុណភាពល្អ រក្សាទិន្នផលដំណាំ និងមិនពឹងផ្អែកតែលើទីផ្សារដំណាំមួយមុខ ព្រមទាំងជំរុញប្ចេកទេសកសិកម្មតាមបែបសុវត្ថិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមការបញ្ជាក់ពីក្រុមអ្នកជំនាញតាមរយៈដំណើរទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មានចម្រុះសា្ថប័នទៅកាន់ខេត្តសៀបរាបនិងកំពង់ធំ កាលពីសប្តាហ៍មុន។ កម្មវិធីទស្សនកិច្ចនេះ រៀបចំដោយបណ្ដាញ ALiSEA សហការជាមួយសមាជិករួមមាន គម្រោង TETARD នៃអង្គការហ្រ្គេត អង្គការអាគ្រីស៊ុត និងអង្គការ AFD ក្រោម​ការ សហការគាំទ្រដោយភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) រដ្ឋបាលខេត្តអូដឺសែនប្រទេសបារាំង (CD92) ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC), សហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិក (DGD)។

កម្មវិធីនេះសហការគាំទ្រដោយភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) រដ្ឋបាលខេត្តអូដឺសែនប្រទេសបារាំង (CD92) ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC), សហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិក (DGD)។

ថ្លែងក្នុងបទបង្ហាញជូនអ្នកសារព័ត៌មាននៅក្នុងកម្មវិធីនោះ កញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA បានបញ្ជាក់ថា បណ្តាញកសិអេកូឡូស៊ី ហៅកាត់បណ្តាញ អាលីហ្សេ (ALISEA) ជាបណ្តាញសមាជិភាពថ្នាក់តំបន់មួយ ដែលផ្សារភ្ជាប់ភាគីពាក់ព័ន្ធក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលដៅលើកកម្ពស់កសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ បណ្តាញ ALISEA ផ្សារភ្ជាប់ទំនាក់ទំនងរវាង កសិករ អ្នកស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយ ឱ្យធ្វើការរួមគ្នា ដើម្បីចែករំលែក ចំណេះដឹង និងជំរុញកសិអេកូឡូស៊ី។

កញ្ញាបន្តថា៖«បណ្តាញ ALISEA បានផ្តួចផ្តើមដំបូងក្រោមគម្រោង ACTAE (២០១៥-២០១៨) ដើម្បីលើកកម្ពស់កសិអេកូឡូស៊ី នៅប្រទេស កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងថៃ។ បច្ចុប្បន្ន បណ្តាញ ALISEA បានអភិវឌ្ឍ និងកែលម្អនូវប្រតិបត្តិការ នឹង រចនាសម្ព័ន្ធ ដើម្បីឱ្យការអនុវត្តសកម្មភាពមានភាពល្អប្រសើរឡើង»។

បណ្តាញកសិអេកូឡូស៊ី មានចក្ខុវិស័យជំរុញតំបន់អាស៊ីអាគ្នេយ៍ទៅជាតំបន់មួយ ដែលកសិអេកូឡូស៊ី ដើរតួសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរប្រព័ន្ធ ស្បៀងអាហារ ដើម្បីមនុស្ស និងប្រព័ន្ធអេកូឡូស៊ី។សមាជិកនៃបណ្តាញ ALISEA មានលក្ខណៈចម្រុះ រួមមាន អង្គការសង្គមស៊ីវិល ដូចជា អង្គការមិនមែនរដ្ឋាភិបាល អង្គការ កសិករ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ដែលមានសកម្មភាព និងចក្ខុវិស័យរួមគ្នា ក្នុងការអនុវត្ត និងផ្សព្វផ្សាយ អំពីកសិអេកូឡូស៊ី។ ក្នុងនោះ សមាជិក នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ៧៥ ស្ថាប័ន។នេះបើតាមការបញ្ជាក់បន្ថែមពី កញ្ញា សុខ ច័ន្ទរស្មី។

ទន្ទឹមគ្នានេះ លោក សុខ សុធា  អ្នកជំនាញផ្នែកកសិអេកូឡូស៊ីនៃអង្គការ Gret បានឱ្យដឹងថា កសិអេកូឡូស៊ី គឺជាវិធីសាស្ដ្រមួយដែលរួមបញ្ចូលគោលការណ៍ អេកូឡូស៊ី ជាមួយសង្គម និងសេដ្ឋកិច្ច ខណៈវាត្រូវបានអនុវត្តនៅទូទាំងពិភពលោក ហើយបង្កើតឡើងដើម្បីគ្រប់គ្រងប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហារ ប្រកបដោយនិរន្តរភាព។

លោកបានបញ្ជាក់បន្ថែមថា កសិអេកូឡូស៊ីនេះ គឺបានផ្ដល់ផលប្រយោជន៍ជារួមមាន ១. ជីវចម្រុះ៖ លើកកម្ពស់ផលិតកម្មដំណាំចម្រុះ និងការចិញ្ចឹមសត្វ ដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានភាពល្អប្រសើរ។ ២. គុណភាពដី៖ ថែរក្សា និងការអភិរក្ស ដោយប្រើប្រាស់បច្ចេកទេសស្របតាមគោលការណ៍ធម្មជាតិ ដូចជា ការគ្របដណ្តប់លើដីដាំដុះ ការប្រើប្រាស់ជីកំប៉ុស្តិ៍ ស្លឹកឈើ ជីកំប៉ុស្តិ៍ទឹក ជីធម្មជាតិផ្សេងទៀត និងកាត់បន្ថយការរំខានដល់ដី (ភ្ជួររាស់)។ ៣. សត្វល្អិតចង្រៃ និងជំងឺលើផលិតកម្ម៖ កាត់បន្ថយការប្រើប្រាស់សារធាតុគីមីជំនួសវិញ ដោយប្រើថ្នាំពុលផលិតពីរុក្ខជាតិ ឬវិធានការចម្រុះការពារដំណាំ តាមរយៈវិធីសាស្ដ្រកម្ចាត់សត្វល្អិត និងជំងឺ (IPM) និង៤. ចំណេះដឹងដែលមានស្រាប់៖ បង្កើនការយល់ដឹង ជំនាញ និងការអនុវត្តដែលបង្កើតឡើងដោយផ្អែកលើបទពិសោធរបស់កសិករលើផ្នែកកសិកម្ម បរិស្ថាន និងប្រព័ន្ធស្បៀងក្នុងតំបន់ និងស្វែងយល់បន្ថែមនូវអ្វីដែលថ្មី។

លោកបន្តថា ក្រោយពីកសិករធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ឃើញថា កសិករដែលធ្លាប់ធ្វើការកសិកម្មដោយប្រាស់ថ្នាំគីមី បានផ្លាស់ប្តូរមករកសិកម្មបែបសរីរាង្គវិញ ហើយអនុវត្តន៍ជាប្រព័ន្ធកសិកម្មចម្រុះ មានទាំងដាំបន្លែ ដំណាំឈើហូបផ្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងផលិតជីធម្មជាតិ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់ទៅកាន់ទីផ្សារថែមទៀត ដែលធ្វើឱ្យសេដ្ឋកិច្ចគ្រួសារពួកគាត់កាន់តែប្រសើរ។

សូមបញ្ជាក់ដែរថា ដើម្បីជំរុញ និងពង្រីកការអនុវត្តន៍កសិអេកូឡូស៊ីកាន់តែទូលាយ នៅឆ្នាំ២០២៦នេះ បណ្តាញកសិអេកូឡូស៊ីនៅកម្ពុជា បានប្តេជ្ញានឹងបន្តសហការជាមួយបណ្តាញអ្នកសារព័ត៌មាន ជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ បង្កើនការចង់ក្រងឯកសារស្រាវជ្រាវពីបច្ចេកទេសកសិកម្មជូនកសិករ ពង្រឹងសមត្ថភាពជូនគ្រប់ភាគីពាក់ព័ន្ធ និងបង្កើតវេទិការអ្នកប្រើប្រាស់ឱ្យស្វែងយល់ពីការអនុវត្តន៍កសិអេកូឡូស៊ីឱ្យកាន់តែទូលាយ សំដៅគាំទ្រផលិតផលក្នុងស្រុក ពិសេសលើកទឹកចិត្តដល់ប្រជាកសិករផ្ទាល់។

បណ្តាញកសិអេកូឡូស៊ី ក៏បានកំណត់គោលដៅរបស់ខ្លួនដែរថា នៅឆ្នាំ២០៤០ ខាងមុខ កសិករ ៧៥% នឹងយល់ដឹងពីកសិអេកូឡូស៊ី ហើយ ៥០% ទៀត បានអនុវត្ត តាមគោលការណ៍កសិកម្មតាមបែបកសិអេកូឡូស៊ី៕ អត្ថបទ៖ពិសី