កម្ពុជា-ហ្វីលីពីន ជែកពិភាក្សាស៊ីជម្រៅពីសន្តិសុខថាមពល និងការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន ដើម្បីធានាការផ្គត់ផ្គង់តម្លៃសមរម្យ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស្រី សារ៉ុន អេស ហ្គារិន លេខាធិការនៃនាយកដ្ឋានថាមពល របស់សាធារណរដ្ឋហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ លោក កែវ រតនៈ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធនឹងការនាំចូលប្រេងនិងឧស្ម័ន។ ការណ៍នេះដោយសារតែកម្ពុជានិងហ្វីលីពីន សុទ្ធសឹងតែជាប្រទេសដែលរងសម្ពាធនៃផលប៉ះពាល់ដូចគ្នាក្នុងវិបត្តិថាមពលសកល។

កត្តាប្រឈមរួមនេះ បានជំរុញឱ្យភាគីទាំងពីរផ្តោតការពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈសំខាន់ៗចំនួនបី។ ទីមួយ គឺការធានាសន្តិសុខថាមពលឱ្យមានប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ ទីពីរ គឺការជំរុញនិងបង្កើនការងារប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទីបី គឺការកសាងបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid – APG) ដែលជាការតភ្ជាប់អគ្គិសនីរវាងប្រទេសក្នុងតំបន់។

គួរឱ្យដឹងថា ការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាននេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យមានថាមពលប្រើប្រាស់គ្រប់គ្រាន់ មានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការគាំទ្រការប្រើប្រាស់ថាមពលស្អាតនាពេលអនាគត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងរ៉ែ ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ប្រទេសហ្វីលីពីន។ លោកក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចជាស្រេច ក្នុងកិច្ចពិភាក្សានានា អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន ដែលប្រទេសហ្វីលីពីននឹងធ្វើជាប្រធានប្តូរវេន នាឆ្នាំ២០២៧ ខាងមុខនេះផងដែរ។