ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ បានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ឱ្យឆាប់ជាសះស្បើយពីព្រះរោគ។

ព្រះរាជសារនេះ បានធ្វើឡើងឡើង កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូស្សាឡាម។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានពាំនាំព្រះរាជសារថ្លែងអំណរព្រះគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ដែលព្រះអង្គបានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំសារសួរព្រះរាជសុខទុក្ខ និងថ្វាយព្រះពរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ផងដែរ។
ព្រះចៅស៊ុលតង់ ក៏បានមានព្រះបន្ទូលអរគុណចំពោះសារថ្វាយព្រះពររបស់សម្តេចតេជោ និងសម្តេចធិបតី និងសម្តែងនូវព្រះទ័យរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រុយណេដារូស្សាឡាម និងកម្ពុជា៕ អត្ថបទ៖ហ្សាលីន


