ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ អាស៊ានបានដើរតួជាវេទិកាមួយដែលមិន អាចខ្វះបាន សម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនសំឡេងរបស់កម្ពុជា នៅលើឆាកតំបន់ និងពិភពលោក។

តាមរយៈសារអបអរសាទរក្នុងឱកាសខួប ២៧ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ – ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦) ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងចំណោមបណ្តាវិស័យផ្សេងៗ កម្ពុជាបានពង្រីក កាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគ បង្កើនការតភ្ជាប់តំបន់ ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ បង្រួមគម្លាតអភិវឌ្ឍន៍ ព្រមទាំងជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកប្រកបដោយអត្ថន័យដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង និងផ្ដល់ឱ្យពួកគាត់នូវ ការត្រៀមលក្ខណៈជាស្រេចនិងបន្សំចំពោះអនាគត។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមថា ស្របពេលជាមួយគ្នានេះ កម្ពុជាក៏ជាអ្នករួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងសមាហរណកម្មរបស់អាស៊ាន។ ចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបំពេញតួនាទីជាប្រធានអាស៊ានចំនួន ៣លើក ដោយ បានដឹកនាំសមាគមមួយនេះឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើននៃដំណើរការវិវឌ្ឍន៍របស់ខ្លួន។ កម្ពុជាក៏បានជំរុញកិច្ចសន្ទនាក្នុងតំបន់ពង្រឹងតួនាទីស្នូលរបស់អាស៊ាននៅ ក្នុងនិម្មាបនកម្មតំបន់ដែលកំពុងមានការវិវឌ្ឍឥតឈប់ឈរ ព្រមទាំងបានលើកកម្ពស់
កិច្ចសហប្រតិបត្តិការជាក់ស្ដែង នៅគ្រប់សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។ ការចូលរួមយ៉ាងសកម្មនិងវិភាគទាន ប្រកបដោយស្ថាបនារបស់កម្ពុជាគូសបញ្ជាក់ឱ្យឃើញថា ការចូលជាសមាជិកអាស៊ាន របស់ខ្លួនបានពង្រឹងមជ្ឈភាពអាស៊ាន ភាពធន់ និងសមត្ថភាពរួមរបស់អាស៊ាន ដើម្បី ឆ្លើយតបទៅនឹងបញ្ហាប្រឈមតំបន់ និងជាសាកល។
សម្លឹងឆ្ពោះទៅមុខ កម្ពុជារក្សាការប្តេជ្ញាយ៉ាងមុតមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវទស្សនវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥។ ដោយរួមគ្នា កម្ពុជានឹងបន្តពង្រឹងឯកភាពនិងមជ្ឈភាពអាស៊ាន ព្រមទាំងកសាងសហគមន៍អាស៊ានមួយដែលកាន់តែស្អិតរមួតគ្នា ប្រកបដោយបរិយាបន្ន និងភាពធន់, ជាសហគមន៍មួយដែលផ្ដោតលើផលប្រយោជន៍ប្រជាជនពិតប្រាកដ និងយកចិត្តទុកដាក់ចំពោះប្រជាជន ដោយមិនបោះបង់នរណាម្នាក់ឡើយ៕




