ស្ថាប័នពាក់ព័ន្ធ រួមគ្នារកដំណោះស្រាយលើបញ្ហាប្រឈម ដើម្បីការពារសុវត្ថិភាពអ្នកសារព័ត៌មានស្រី្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា និងបណ្តាញអ្នកសារព័ត៌មានស្ត្រី តាមរយៈគម្រោងរបស់អង្គការUNESCO បានសហការគ្នា រៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហការជាមួយនគរបាលជាតិ ក្នុងការ លើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី”  ដើម្បីពិភាក្សាពីបញ្ហា និងដំណោះស្រាយ បញ្ហាប្រឈមនានាទាក់ទងនឹងផលប៉ះពាល់ផ្លូវច្បាប់ ក៏ដូចជាផ្តល់វេទិកាសម្រាប់អ្នកពាក់ព័ន្ធក្នុងការចែករំលែកតួនាទីរបស់ពួកគេ ក្នុងការការពារសុវត្ថិភាពអ្នកសារព័ត៌មានពិសេសអ្នកសារព័ត៌មានស្រ្តីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាអ្នកសារព័ត៌មានស្ត្រី បានរៀបចំឡើងកាលព្រឹកថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីស្នងការគនរបាលខេត្តស្ទឹងត្រែង អ្នកច្បាប់ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក សុខ ឆាយ មន្រ្តីគ្រប់គ្រង់គម្រោង នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(​WMC) បានឱ្យដឹងថា សិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហការជាមួយនគរបាលជាតិ ក្នុងការ លើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” មានគោល បំណងសំខាន់ គឺដើម្បីអភិវឌ្ឍកិច្ចសហការ និងការយោគយល់គ្នារវាងមន្ត្រីអនុវត្ត ច្បាប់ និងអ្នកសារព័ត៌មានស្ត្រីនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោកថា សិក្ខាសាលា ក៏នឹងបព្រាបឱ្យមន្ត្រីនគរបាលបានយល់អំពីតួនាទីរបស់អ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រីនៅក្នុងសង្គមប្រជាធិបតេយ្យ និងបញ្ហាប្រឈមដែល ពួកគេកំពុងតែជួបប្រទះក្នុងអំឡុងពេលមានព្រឹត្តិការណ៍នានាដូចជា៖ ការចុះរាយ ការណ៍ព័ត៌មាននៅទីសាធារណៈ ការបៀតបៀត និងការគំរាមកំហែងជាដើម។

ជាមួយគ្នានេះ លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ) បានឱ្យដឹងដែរថា ឆ្លងកាត់បទពិសោធន៍ធ្វើការជាមួយស្រ្តីជាអ្នកសារព័ត៌មានមួយចំនួនពួកគេបានបញ្ចេញសំឡេងនិងក្តីកង្វល់​ ក្នុងអាជីពជាអ្នកសារព័ត៌មាន ពាក់ព័ន្ធទៅនឹងរឿងវិបត្តិផ្លូវចិត្ត ការមិនផ្តល់តម្លៃ ការបៀតបៀន ការរើសអើង និងឧបសគ្គរារាំងជាច្រើនទៀត ដែលនាំឱ្យស្ត្រីមិនអាចសម្រេចជោគជ័យ លើការងារក្នុងវិស័យផ្សព្វផ្សាយ។​ ហេតុនេះ លោកស្រី ស្នើឱ្យអ្នកពាក់ព័ន្ធជួយរកដំណោះស្រាយលើបញ្ហាប្រឈមនានារបស់អ្នកសារ័ត៌មានស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុវត្ថិភាព អ្នកសារព័ត៌មាន​ និងពង្រឹងវិស័យព៏ត៌មាននៅកម្ពុជា។

ជុំវិញករណីនេះដែរ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ស្នងការរងខេត្តស្ទឹងត្រែង  បានជំរុញឱ្យអាជ្ញាធរទាំងអស់ រួមគ្នាជំរុញការលើកម្ពស់សុវត្ថិភាពដល់អ្នកសារព័ត៌មាន និងស្នើឱ្យរួមគ្នាទប់ស្កាត់បញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន ព្រមទាំងសហការដល់សារព័ត៌មាន។ លោកក៏ស្នើឱ្យអ្នកសាព័ត៌មានទាំងអស់គោរពវិជ្ជាវិជីវៈ  និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបញ្ចៀសបញ្ហាណាមួយ ហើយអាជ្ញាធរ និងអ្នកសារព័ត៌មាន ក៏ត្រូវមានការគោរពតួនាទីគ្នាទៅវិញទៅមក សំដៅឈានទៅការកសាងទំនុកចិត្ត និងបង្កើនកិច្ចសហការរវាងគ្នានិងគ្នា។

យោងតាមរបាយការណ៍ការសិក្សាថ្មីពីអង្គការយូណេស្កូនៅទូទាំងពិភពលោកបាន សន្និដ្ឋានថា ៧៣% នៃអ្នកសារព័ត៌មានជាស្ត្រី និងបុគ្គលិកធ្វើការលើប្រព័ន្ធ ផ្សព្វផ្សាយ បានប្រឈមនឹងការវាយប្រហារ ការគំរាមកំហែងដោយផ្ទាល់ និងតាម ប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងវិញទៀតក្រុមងាយរងគ្រោះមួយនេះកំពុងតែទទួលរងនូវ អំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការការបៀតបៀតផ្លូវភេទ ការបោកប្រាស់ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានយន្តការក្នុងការដោះស្រាយបញ្ហានេះជាបន្ទាន់។នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញឡើងនៅក្នុងសិក្ខាសាលាខាងលើ។

យ៉ាងណាមិញ តាមរយៈវេទិការខាងលើ ស្ថាប័នពាក់ព័ន្ធ ក៏បានបង្ហាញការជឿជាក់ដែរថា វេទិកានេះ  នឹងផ្តល់ឱ្យមន្ត្រីអនុវត្តច្បាប់យល់កាន់តែច្បាស់ពីតួនាទីរបស់អ្នកសារព័ត៌មាន បញ្ហាប្រឈមរបស់ពួកគេ ពិសេសអ្នកសារព័ត៌មានស្ត្រី និងចូលរួមលើកកម្ពស់សុវត្ថិភាពដល់អ្នកសារព័ត៌មានពីការគំរាមកំហែងដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត៖ រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការការ បៀតបៀនផ្លូវភេទ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម៕ អទ្ថបទ៖ ពិសី