សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងសង្គមជាតិមួយ អាចរីកចម្រើនទៅបានលុះត្រាណាតែមនុស្សមានភាពរឹងមាំ និងមានវិន័យ។ ជាក់ស្ដែងដូចជាការរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា ការរៀបចំការងារនៅគ្រប់កន្លែងទាំងអស់ បូករួមជាមួយនឹងក្រសួង ស្ថាប័ននានា គឺធ្វើយ៉ាងណាឱ្យមានវិន័យ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង កម្មករនិយោជិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រសិនបើកម្មករនិយោជិកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនមានវិន័យនោះទេ ប្រាកដណាស់ថា ការងារនៅទីនេះមិនទទួលបានគុណភាព និងផលិតផលការងារនោះទេ។ ទាល់តែមានវិន័យ ឆន្ទៈ និងការទទួលខុសត្រូវ ទើបនៅទីនេះរីកចម្រើន។
សម្ដេចធិបតី បន្ថែមថា ប្រទេសជាតិក៏ដូចគ្នាដែរ ពោលគឺត្រូវការធនធានមនុស្ស ជាពិសេសយុវជនដែលមានវិន័យ មានសមត្ថភាព មានឆន្ទៈនៅក្នុងការពង្រឹងខ្លួន។ ពីព្រោះថា នៅពេលដែលយុវជនម្នាក់ៗមានការរីកចម្រើន គឺគ្រួសារគាត់រីកចម្រើន ហើយប្រសិនបើគ្រួសាររីកចម្រើន នោះសង្គមជាតិក៏រីកចម្រើនដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា នេះគឺជាទិសដៅរបស់យើង មិនថាការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ភស្ដុភារកម្ម ប្រព័ន្ធដឹកជញ្ជូន ប្រព័ន្ធអប់រំ សុខាភិបាលនោះទេ ទាំងអស់នេះធ្វើដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឱ្យប្រជាជនមានជីវភាពធូរធា រឹងមាំ ដើម្បីឱ្យយើងកាន់តែខ្លាំង៕

