រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធឱ្យអនុវត្តន៍នូវចំណុចគន្លឹះចំនួន៦ ដើម្បីរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក។នេះបើយោងតាមប្រសាសន៍របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលិតផល «POiR » កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារដែលកំពុងកើនឡើង។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក ដូចតទៅ៖

១-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ត្រូវចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។២-វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុកក្នុងការផលិត កែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែមនិងបង្កើនភាពប្រកួតប្រជែង។
៣-សិប្បកម្មផលិតក្នុងស្រុកដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិតនិងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។៤-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និង៥- សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង៕ អត្ថបទ៖ហ្សាលីន


