ខេត្តព្រះសីហនុ នឹងទទួលបានគម្រោងរុករកប្រេងនិងឧស្ម័ននៅលើដែនគោក តម្លៃ២៣០ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ នឹងទទួលបានគម្រោងរុករកប្រេងនិងឧស្ម័ននៅលើដែនគោក និងគម្រោងកែឆ្នៃសំណល់អេឡិចត្រូនិក បរិក្ខារអគ្គិសនី និងកម្មន្តសាលស្ពាន់នាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងបើកកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្តលើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដឹកនាំកិច្ចប្រជុំESIA សម្រាប់គម្រោងរុករកប្រេងនិងឧស្ម័ននៅលើដែនគោក និងគម្រោងកែឆ្នៃសំណល់អេឡិចត្រូនិក បរិក្ខារអគ្គិសនី និងកម្មន្តសាលស្ពាន់នៅខេត្តព្រះសីហនុ កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦  លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា គម្រោងទាំង២នេះ មានទុនវិនិយោគសរុបប្រមាណ ២៣០ លានដុល្លារអាមេរិក និងមានទីតាំងស្ថិតនៅ ស្រុកកំពង់សីលា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ ក៏បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោង៖ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា,យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាន,រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង, និងត្រូវចេះប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។ដោយឡែក,ក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព។

សូមជម្រាបដែរថា បន្ថែមពីលើអត្ថប្រយោជន៍នានារាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ គម្រោងរុករកប្រេងនិងឧស្ម័ននៅលើដែនគោក និងគម្រោងកែឆ្នៃសំណល់អេឡិចត្រូនិក បរិក្ខារអគ្គិសនី និងកម្មន្តសាលស្ពាន់នៅខេត្តព្រះសីហនុ នេះ ក៏មានការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, និងការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយសំណល់អេឡិចត្រូនិច នៅកម្ពុជាផងដែរ៕ អត្ថបទ៖ហ្សាលីន