កម្ពុជា-ជប៉ុន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកកិច្ចពិភាក្សាលើគម្រោងស្តារ និងកែលម្អសំណង់រំដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស ក្រុមបេសកកម្មស្វែងរកការពិត (Fact-Finding Mission) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មកពីទីក្រុងតូក្យូ។

នាឱកាសនោះ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងបូកសរុបលទ្ធផលការងារលើការស្នើសុំឥណទានសម្បទានថ្មី សម្រាប់ «គម្រោងស្តារឡើងវិញ និងកែលម្អសំណង់ដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ» (Southwest Phnom Penh Flood Protection Drainage Facilities Rehabilitation and Improvement Project)។
សូមជម្រាបដែរថា គម្រោងស្តារ និងកែលម្អសំណង់ដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ គឺមានគោលដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សមត្ថភាពប្រព័ន្ធរំដោះទឹក និងការពារទឹកជំនន់នៅតំបន់ភាគនិរតីនៃរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធានាសុវត្ថិភាព ស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន

