ក្រសួងទេសចរណ៍ បានប្រកាសស្វាគមន៍ការមកដល់របស់រដូវកាលបៃតង និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ខណៈអះអាងថា ការចាប់ផ្តើមយុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” គឺបានផ្តោតលើចក្ខុវិស័យសំខាន់ៗ ចំនួន ៣។

ថ្លែងក្នុងពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយ តម្លៃខ្ពស់ ជូនចំពោះ ក្រសួងទេសចរណ៍ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ឱ្យទទួលបានលទ្ធផលផ្លែផ្កាគួរជាទីកត់សម្គាល់នៅឆ្នាំ២០២៥ និងឈានដល់ការបន្តអនុវត្តយុទ្ធនាការនេះកាន់តែសកម្មឡើងថែមទៀតក្នុងឆ្នាំ២០២៦នេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣៖ គឺទី១. ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ, ទី២. ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣. ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ការបំប្លែងរដូវកាល«Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ លោកបន្តថា រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

តាមរយៈយុទ្ធនាការបៃតងនេះដែរ ក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការចង្អុលបង្ហាញរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី យើងពិតជានឹងរួមគ្នាប្រែក្លាយរដូវកាលនេះ ឱ្យទៅជា «រដូវកាលមាសពណ៌បៃតង» ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹម ការបង្កើតការងារ និងការស្រូបយកកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ហ្សាលីន

