ក្រសួងវប្បធម៌កម្ពុជាដាក់លិខិតតវ៉ាករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ថៃ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌កម្ពុជាបានធ្វើលិខិតតវ៉ានិងបានចេញសេចក្ដីប្រកាសព័ត៌មានអំពីការជំទាស់ករណីថៃចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងមួយចំនួនតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជាក្នុងបញ្ជីជាតិបុរាណដ្ឋានរបស់ប្រទេសថៃ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្កត់ធ្ងន់ថា «សកម្មភាពនេះគឺខុស ច្បាប់ ទុកជាមោឃៈនិងគ្មានអានុភាពផ្លូវច្បាប់ឡើយ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងវប្បធម៌បានបន្ថែមថាការចុះបញ្ជីបែបនេះគ្មានមូលដ្ឋានស្របច្បាប់នោះទេហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដីឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាពនិងការកំណត់ព្រំដែនរវាងកម្ពុជានិងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើងជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ(JBC)។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងខុសច្បាប់ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីនិងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះនិងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕