មន្រ្តីជាន់ខ្ពស់វៀតណាម៖ កម្ពុជា-វៀតណាម នឹងអាចសម្រេចទំហំពាណិជ្ជកម្ម២០ ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់វៀតណាម លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្ស កុម្មុយនីស្ត វៀតណាម បានបង្ហាញជំនឿថា កម្ពុជា-វៀតណាម នឹងអាចសម្រេចទំហំពាណិជ្ជកម្ម២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកសមាជិក បក្សកុម្មុយនីស្តវៀតណាម ហើយថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាមនៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឡើងដល់២០ ពាន់លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញា ជាមួយគ្នា។

សម្តេចតេជោ បន្តថា ២០ ពាន់លានដុល្លារនេះគឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដែលទំហំពាណិជ្ជកម្ម កាលពីឆ្នាំ ២០២៥កន្លងទៅ រវាងប្រទេសទាំងពីរកើនឡើងដល់១១ ពាន់លានដុល្លារអាមេរិក ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មនេះឱ្យកាន់តែមានការកើនឡើងបន្តទៀត។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានរំលេចបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ រវាងយុវជននិងយុវជននៃប្រទេសទាំងពីរដែលធ្វើឱ្យយុវជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀត។

ជាមួយគ្នានេះ លោកសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ត វៀតណាមបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងទៅនឹងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ លោកបានលើកឡើងថាកម្ពុជា និងវៀតណាមប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម២០ ពាន់លានដុល្លារនៅពេលខាងមុខ។

សូមជម្រាបដែរថា ដំណើរមកកាន់កម្ពុជា របស់លោក ត្រិញ វ៉ាន់ក្វៀត គឺជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្សឱ្យកាន់តែរីកចម្រើនបន្តទៀត៕អត្ថបទ៖ហ្សាលីន