រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ចេញនូវ «គម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍» ក្នុងគោលបំណងឆ្លើយតបបន្ទាន់ និងស្តារជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងទីតាំងជម្រកបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

តាមការឱ្យដឹងពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គំនិតផ្តួចផ្តើមនេះ ដំណើរការក្រោមសមាសធាតុឆ្លើយតបនឹងស្ថានភាពអាសន្ន (CERC) នៃគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈគម្រោងនេះ រដ្ឋបាលខេត្ត និងក្រសួងជំនាញ នឹងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋអាចចាប់យកមុខរបរចិញ្ចឹមមាន់ស្រែនេះបានដោយជោគជ័យ និងមាននិរន្តរភាពសេដ្ឋកិច្ច។

គួរឱ្យដឹងថា ការគាំទ្រជាកញ្ចប់ជំនួយពីរដ្ឋបាលខេត្ត និងគម្រោង រួមមាន៖
- ហេដ្ឋារចនាសម្ព័ន្ធ៖ ផ្តល់ជូនទ្រុងចិញ្ចឹមមាន់ស្រែតាមស្តង់ដាបច្ចេកទេសចំនួន ១ ខ្នង។
- សម្ភារៈផលិតកម្ម៖ ផ្តល់ពូជកូនមាន់ស្រែដែលមានសុខភាពល្អ និងរឹងមាំ អាយុ ២១ ថ្ងៃ ចំនួន ១០០ ក្បាល។
- ការថែទាំសុខភាពសត្វ៖ ឧបត្ថម្ភវ៉ាក់សាំងការពារជំងឺសត្វ និងការចុះតាមដានសុខភាពជាប្រចាំពីមន្ត្រីជំនាញ។
- ស្បៀងសត្វ៖ ផ្តល់ចំណីសម្រាប់ចិញ្ចឹមមាន់គ្រប់គ្រាន់ពេញមួយវគ្គដំបូង។
- ការបណ្តុះបណ្តាល៖ បង្ហាត់បង្រៀនបច្ចេកទេសចិញ្ចឹម និងការគ្រប់គ្រងកសិដ្ឋានខ្នាតតូច។
- ខ្សែច្រវាក់តម្លៃ៖ ធានាការតភ្ជាប់ទីផ្សារទុកជាមុន ដោយទិញផលមាន់សាច់មកវិញក្នុងតម្លៃសមរម្យ។

បើតាម លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា វិធានការអន្តរាគមន៍នេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាជីវភាពចំពោះមុខ និងពង្រឹងសន្តិសុខស្បៀងនៅក្នុងជម្រកបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតឱកាសការងារ និងពង្រឹងសមត្ថភាពសេដ្ឋកិច្ចមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពម្ចាស់ការលើជីវភាពរស់នៅឡើងវិញផងដែរ។


