លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរ ចាប់ផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំនៅទូទាំងប្រទេស។ ដូច្នេះ យើងរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់នូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋ។

ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ២០២៥កន្លងទៅ នៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត ៤០០០ព័ត៌មាន ត្រូបានកត់សម្គាល់។ ចំពោះព័ត៌មានដែលត្រូវបានកត់សម្គាល់ គឺជាប្រភេទព័ត៌មានដែលប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់ស្ថិរភាព សន្តិភាព សន្តិសុខសង្គម ហើយព័ត៌មានដែលត្រូវបានជនទុច្ចរិតបង្កើតឡើងក្នុងចេតនាបង្កចលាចលនៅក្នុងសង្គម។ ខណៈចំនួនព័ត៌មានក្លែងក្លាយនេះមិនទាន់ធ្លាក់ចុះនោះទេ បើប្រៀបធៀបនឹងឆ្នាំ២០២៣ (មានចំនួន ៣ ២០០ និងឆ្នាំ២០២៤ មានចំនួន ៣ ៦០០ ព័ត៌មានក្លែងក្លាយ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តណែនាំដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិការួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ជាពិសេសត្រូវបន្សុទ្ធព័ត៌មានពិត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមរបស់ខ្លួន ឱ្យបានច្រើន សំដៅលុបបំបាត់ចោលនូវព័ត៌មានមិនប្រាកដប្រជា, ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានចរាមអារ៉ាម ដែលត្រូវបន្តសកម្មភាពរួមគ្នាលុបបំបាត់នៅលើបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ៕

















