ខេត្តចំនួន៣ ទទួលបានគម្រោងថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៤៥០ លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តចំនួន៣ នឹងទទួលបានគម្រោងថ្មីចំនួន៧ ក្រោមទុនវិនិយោគ៤៥០លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៧គម្រោងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាម កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៥ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ, វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH), និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់។

សូមជម្រាបដែរថា គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់៕អត្ថបទ៖ហ្សាលីន