ត្រឹមតែ១ខែប៉ុណ្ណោះ ពោលគឺនៅក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមថា គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមេសា ឆ្នាំ២០២៦ គឺ គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ, គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្ត និងប្រេង សម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូ៕



