ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចងចាំបទពិសោធ និងបង្ហាញពីឯកភាពជាតិមហាគ្រួសារខ្មែរ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។


សម្តេចធិបតី ហ៊ុន ម៉ាណែត កាលយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា ៖កម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចងចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់តាំងពីអតីតកាល ជាពិសេសក្នុងឆ្នាំ២០២៥ ដែលមានទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិមហាគ្រួសារខ្មែរ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។
សម្តេចធិបតី បានបញ្ជាក់បន្តថា៖«ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យចងចាំជានិច្ចថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់នេះ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ ដូចនេះ “ខ្មែរត្រូវចាំ ខ្មែរត្រូវតាំងចិត្ត ខ្មែរត្រូវធ្វើឱ្យបាន”។
តាមរយៈសំណេរខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាស និងប្តេជ្ញាចិត្តឥតងាករេក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព ទោះក្នុងតម្លៃណាក៏ដោយ ដោយឈរលើគោលការណ៍ច្បាប់ជាគោល ក្នុងនោះច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលចូលជាធរមាន នៅមានសុពលភាព ជាពិសេស បើទោះបីជានៅមានសង្ឃឹមត្រឹម ១%ក៏ដោយ ក៏កម្ពុជានៅបន្តជ្រើសរើសប្រើប្រាស់គ្រប់យន្តការដែលមានស្រាប់ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការពារអាយុជីវិតវីរកងទ័ព ប្រជាជន បញ្ចៀសការបង្ហូរឈាមជាថ្មី៕ អត្ថបទ៖ហ្សាលីន









