រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចេញលិខិតពីការទទួលស្គាល់សិទ្ធិផ្តាច់មុខ សម្រាប់ផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ FIFA World Cup 2026 នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានចេញលិខិតស្តីពីការ​ទទួលស្គាល់​សិទ្ធិ​ផ្តាច់មុខ សម្រាប់ការចាក់ផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខ្លឹមសារលិខិត ឯកឧត្តមរដ្ឋមន្ត្រី សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក- អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យ​ព័ត៌មាន និងសោតទស្សន៍ទាំងអស់ ជ្រាបថា ក្រសួងព័ត៌មាន បានទទួលស្គាល់ សិទ្ធិផ្ដាច់មុខសម្រាប់ការចាក់ផ្សាយ​បន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA WORLD CUP 2026) នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈទូរទស្សន៍ហង្សមាស HDTV, រស្មីហង្សមាស HDTV និង CAMBODIAN DTH រួចហើយ។

ក្នុងករណីដែលមានការផ្សព្វផ្សាយតាមថ្នាលទូរទស្សន៍គ្រប់ប្រភេទ និងបណ្តាញសង្គមនានា ក្នុងព្រះរាជាណា​ចក្រកម្ពុជា ដែលផ្សាយកម្មវិធី FIFA WORLD CUP 2026 ដោយគ្មានការអនុញ្ញាតពី ម្ចាស់សិទ្ធិស្របតាមច្បាប់​កម្មសិទ្ធិបញ្ញា ក្រសួងព័ត៌មានសូមឱ្យមានការដកចេញដើម្បីជាការគោរពសិទ្ធិ ផ្តាច់មុខរបស់សហគ្រាសផលិតកម្ម រស្មីហង្សមាស វីដេអូ។

ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិរបស់ភាគីពាក់ព័ន្ធ ក៏ដូចជាការចូលរួមអនុវត្តច្បាប់ជៀសវាង ការបំពានទៅលើ​សិទ្ធិស្របច្បាប់របស់អ្នកដទៃ ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាព​ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ អាចធ្វើលិខិតតវ៉ាមកក្រសួងព័ត៌មាន ក្នុងរយៈពេល១៥ថ្ងៃ មុនការ​ប្រកួតបាល់ទាត់ FIFA WORLD CUP ឆ្នាំ២០២៦។ ផុតកាលកំណត់នេះ ក្រសួងព័ត៌មាន ពុំទទួលដោះស្រាយ​បញ្ហានេះឡើយ។

សូមជម្រាបថា ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) ដែលប្រទេសម៉ិចស៊ីកូ កាណាដា និងសហរដ្ឋអាមេរិក ធ្វើជាសហម្ចាស់ផ្ទះ នឹងចាប់ផ្តើមការប្រកួតពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ តទៅ៕